រឿងសេដ្ឋីកំណាញ់ក្រៅតម្រា

មានសេដ្ឋីម្នាក់ឈ្មោះអានន្ទៈ ជាអ្នកមានទ្រព្យសម្បត្តិសម្បុកទ្រយុកស្តុកស្តម្ភអប្រមាណ អានន្ទសេដ្ឋីនេះជាមនុស្ស កំណាញ់ទ្រឹស្តិស្មូរកាញ់គ្នេរ ទ្រព្យឥតខ្មាស់មិនហ៊ានចាយវាយ ប្រើប្រាស់ផ្ទាល់ខ្លួន ឬឲ្យទានដល់អ្នកកន្តៀតឡើយ ម្ល៉ោះហើយភោគសម្បត្តិរបស់គាត់ក្លាយទៅជា ធនធានអសារឥតការ ពុំមានជនដទៃណាអាចប្រើប្រាស់បាន ប្រៀបដូចជាស្រះទឹកដែលមានអារក្សហួងហែងរក្សា។ សេដ្ឋីមច្ឆរីនេះមិនដែលសង្រ្គោះ ឬឲ្យទានចំពោះស្មូមយាចកនិងសមណព្រាហ្ម ណាឡើយ។ ក្រោយមកមច្ឆរិយសេដ្ឋីនេះត្រូវបានរោគាបៀតបៀន មច្ចុរាជក៏បានផ្តាច់ផ្តិលជីវិតិន្រ្ទីយគាត់ នៅក្នុងគំនរសម្បត្តិដ៏ច្រើនអនេកអនន្តពន់ប្រមាណ។ សេដ្ឋីនេះបានទទួលអនិច្ចកម្មទៅ ដោយនូវប្រមាទធម៌ និងមច្ឆេរចិត្ត ឥតបានធ្វើបុណ្យសុន្ទរ៍ទានអ្វី ដើម្បីជាប្រយោជន៍សាធារណ៍ ឬប្រយោជន៍ខ្លួនសោះ។ បន្ទាប់អំពីមរណកាលនៃសេដ្ឋីនោះ ព្រះភូមិន្ទពិននរបតី បានទ្រង់ប្រោសព្រះរាជទាន នូវសេដ្ឋិដ្ឋានចំពោះអានន្ទសេដ្ឋីបុត្ត ដែលមានប្រាកដថា មូលសិរីរៀងរាបដរាបមក។
តាមគម្ពីព្រះពុទ្ធសាសនាថា វិញ្ញាណកន្ធនៃសេដ្ឋីបានទៅសម្ភពភ្ជាប់កំណើតថ្មី ក្នុងផ្ទៃនៃស្រីចណ្ឌាលម្នាក់ដែលមានគេហដ្ឋានមិនឆ្ងាយប៉ុន្មានពីនគរសាវត្ថី។ តាំងពីអានន្ទសេដ្ឋីទៅចាប់បដិសន្ធិក្នុងត្រ កូលនោះវេលាណា ត្រកូលនោះទៅជាអភព្វ ឬឆ្នែងស្វែងរកសូមទានពីសំណាក់អ្នកមានធម៌សប្បុរសពុំបានសោះ ក៏កើតជម្លោះទាស់ទែងខ្វែងគំនិតគ្នាវរវឹកឥតស្រាកស្រាន្ត ពួកស្មូមទាំងប៉ុន្មានគិតគ្នា ថាច្បាស់ជាកាឡកណ្ណី កើតក្នុងវង្សត្រកូលនោះ។ ស្រ្តីចណ្ឌាលដែលពពោះនោះ រស់នៅដោយទុក្ខវេទនាដ៏ខ្លោចផ្សា លុះគ្រប់ទសមាសា ក៏សម្រាលកូនមក រីឯទារកនោះ មានរូបអាក្រក់ជួជាតិ មានអវយវៈ គឺដៃជើងនិងមុខមាត់ភ្នែកត្រចៀកច្រមុះ ខុសប្លែកពីធម្មតា សុទ្ធសឹងវិលវិការ ប្រៀបដូចជាបិសាចដូច្នោះឯង។
សំណួរនិងចម្លើយ
រឿងសេដ្ឋីកំណាញ់ក្រៅតម្រា
Reviewed by Post
on
June 27, 2023
Rating:
