អ្នកមានដល់កំពូល អ្នកក្រដល់បាតខ្ទះ វិសមភាពនៃទ្រព្យធននេះមានគ្រប់ៗប្រទេស នៅជុំវិញពិភពលោក មានតែការចែករំលែកចំណេះ

Niron image
ការរីកដុះដាលព្រោងព្រាតនៃក្លឹបរាត្រីខារ៉ាអូខេ និងក្លឹបកម្សាន្តសប្បាយផ្សេងៗទៀតនៅក្នុងរាជធានីនិងទីប្រជុំជនមួយចំនួននៅទូទាំងប្រទេសជាសក្ខីភាពនៃតម្រូវការសប្បាយចាយលុយមិនចេះអស់របស់ពួកអ្នកមាន។ នៅជ្រុងម្ខាងទៀតពលរដ្ឋខ្មែរមួយចំនួនដើរត្រាច់រង្គាត់គ្រប់ច្រកល្ហកដើម្បីស្វែងរកអាហារបំពេញក្រពះដោយលំបាក។ អ្នកខ្លះត្រូវប្រថុយជីវិតឆ្លងដែនខុសច្បាប់ទៅស្វែងរកការងារធ្វើនៅប្រទេសជិតខាងរហូតត្រូវគេបាញ់សម្លាប់យ៉ាងអយុត្តិធម៌ក៏មាន។ ទាំងនេះជាសក្ខីភាពនៃភាពក្រីក្រតោកយ៉ាករបស់ជនជាតិខ្មែរមួយចំនួន។ដោយមិនរាប់បញ្ចូលអ្នកមានជីវភាពមធ្យម ទិដ្ឋភាពទាំងពីរដូចបានរៀបរាប់ខាងលើកំពុងផុសត្រដែតឡើងហើយញែកពលរដ្ឋខ្មែរទាំងពីរក្រុមឲ្យឃ្លាតពីគ្នាកាន់តែឆ្ងាយទៅៗរហូតហៅគ្នាមិនឮ។ ជាការពិតណាស់ក្នុងសង្គមមនុស្សតែងមានអ្នកមាននិងអ្នកក្រជារឿងធម្មតា។គ្មានសង្គមណាមួយនៅលើលោកយើងនេះដែលមនុស្សរស់នៅស្មើភាពគ្នានោះឡើយ។

Niron image
ការស្រមើស្រមៃចង់កសាងសង្គមមួយស្មើភាពរបស់ពួកខ្មែរក្រហមដែលមេដឹកនាំក្រុមនេះឈឺចាប់ដោយសារវណ្ណៈសង្គមនោះទីបំផុតបាននាំប្រទេសជាតិឲ្យធ្លាក់ក្នុងវាលពិឃាតដ៏វិនាសកម្មមួយ។ ដូច្នេះអ្នកមាននិងអ្នកក្រគឺជាធម្មជាតិរបស់មនុស្សដែលមិនអាចចៀសវាងបាន។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់សង្គមខ្មែរបច្ចុប្បន្ននោះគឺនៅត្រង់ថាក្រោយសម័យប៉ុលពតខ្មែររាល់រូបបានចាប់ផ្តើមកសាងជីវភាពគ្រួសារពីបាតដៃទទេដូចៗគ្នា។ ប៉ុន្តែជាង៣ទសវត្សរ៍ក្រោយមកគម្លាតរវាងអ្នកមាននិងអ្នកក្របានចែកភពពីរឲ្យនៅឆ្ងាយពីគ្នាស្រឡះ។ មានហេតុផលច្រើនយ៉ាងដែលអាចលើកមកពន្យល់បញ្ហានេះបានដោយមានទាំងកត្តាចៃដន្យកត្តាសង្គម និងកត្តានយោបាយ។ពិតហើយថាមានគ្រួសារខ្មែរជាច្រើនបានក្លាយខ្លួនជាអ្នកមានដោយមិនដឹងខ្លួនដោយសារអចលនទ្រព្យដូចជាដីធ្លីឬផ្ទះសម្បែងជាដើមដែលពួកគេទទួលបានទទេក្រោយពីរបបខ្មែរក្រហមជាពិសេសអ្នកដែលមានផ្ទះសម្បែងក្នុងទីក្រុងភ្នំពេញតែម្តង។ក្រៅពីនោះអ្នកដែលពូកែខាងធ្វើជំនួញក៏អាចក្លាយជាថៅកែបានយ៉ាងស្រួលដោយសារតែក្រោយរបបខ្មែរក្រហម ខ្មែរដែលចេះធ្វើជំនួញពិតប្រាកដ មានចំនួនតិចតួចប៉ុណ្ណោះ។

Niron image
ប៉ុន្តែនៅក្នុងវិស័យជំនួញនេះក៏មានអ្នកជំនួញ ខ្លះប្រព្រឹត្តទុច្ចរិតដោយឆ្លៀតឱកាសដែលសង្គម មានអំណោយផលដល់អ្នកមានលុយកាក់ ដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួនដោយមិនខ្ចីគិតគូរពីផលវិបាកដល់សង្គមឡើយ។ នៅមិនទាន់អស់ទេអ្វីដែលជាកត្តាធំបំផុត មួយទៀតនោះគឺការប្រើប្រាស់ឥទ្ធិពលនៃអំណាចរបស់ខ្លួន ឬរបស់សាច់ញាតិខ្លួនដើម្បីរកផលប្រយោជន៍ដែលគ្មានអ្នកណាហ៊ានប៉ះពាល់។ កត្តាចុងក្រោយនេះបានធ្វើឲ្យមនុស្សជាច្រើន ក្លាយជាអ្នកមានដោយស្រួលបំផុត ហើយបានបន្តភាពមានបានរបស់ខ្លួន រហូតមកទល់នឹងបច្ចុប្បន្ន។ ដោយសារតែទ្រព្យសម្បត្តិបានមកដោយស្រួលបែបនេះហើយបានជាពួកគេចាយវាយដោយគ្មានញញើតដៃឡើយ។ ចំណែកឯអ្នកក្រីក្រវិញពួកគេអាចកសាងជីវភាពគ្រួសារឲ្យរីកចម្រើនទៅមុខដោយលំបាកពីព្រោះតែសង្គមហាក់ដូចជាអំណោយផលសម្រាប់តែអ្នកមានច្រើនជាងអ្នកក្រ។ នៅពេលមានបញ្ហាធំៗកើតឡើងដូចជាជំងឺឈឺថ្កាត់ជាដើមអ្នកក្រីក្រគ្មានអ្វីក្រៅពីលក់ទ្រព្យសម្បត្តិបន្តិចបន្តួចដូចជាគោក្របីឬស្រែចម្ការដើម្បីដោះស្រាយបញ្ហានោះឡើយ។ ការសិក្សាជាច្រើនបង្ហាញថាបញ្ហាសុខភាពគឺជាមូលហេតុដ៏សំខាន់មួយនៃភាពក្រីក្រក្នុងសង្គមខ្មែរ។

Niron image
ដូច្នេះរដ្ឋាភិបាលបានយកចិត្តទុកដាក់ឲ្យបានខ្លាំងលើការពង្រឹងប្រព័ន្ធសុខាភិបាលដែលមានគុណភាពនិងតម្លៃថោកសម្រាប់ពលរដ្ឋរបស់ខ្លួន។ ក្រៅពីនោះការបែងចែកភាគផលនៃកំណើនសេដ្ឋកិច្ចដោយសមភាពពោលគឺការធ្វើឲ្យសង្គមមានអំណោយផលចំពោះមនុស្សទូទៅជាពិសេសចំពោះអ្នកក្រីក្រគឺជាអ្វីដែលត្រូវធ្វើឲ្យបាន។ ប្រសិនបើមិនដូច្នោះទេគម្លាតសង្គមដែលកាន់តែឆ្ងាយទៅៗរវាងអ្នកមាននិងអ្នកក្រនឹងបង្កផលវិបាកធំធេងទៅថ្ងៃអនាគត។ ផលវិបាកដែលកើតចេញពីការឈឺចាប់ដោយសារវណ្ណៈសង្គមនេះឯង៕
អ្នកមានដល់កំពូល អ្នកក្រដល់បាតខ្ទះ វិសមភាពនៃទ្រព្យធននេះមានគ្រប់ៗប្រទេស នៅជុំវិញពិភពលោក មានតែការចែករំលែកចំណេះ
Reviewed by Post
on
March 10, 2023
Rating:
